ជំនាន់ប្រតិបត្តិការចុងក្រោយគេបំផុតក្នុងជំនាន់ iOS 7 គឺ 7.1.2 បានប្រកាសចេញជាផ្លូវការកាលពីម្សិលមិញនេះ ហើយក្រុមការងារ យើង ក៏បានធ្វើការតម្លើងជំនាន់ប្រតិបត្តិការនេះរួចរាល់ជាស្រេចដែរ ដូច្នេះពត៌មាននេះគឺផ្ដោតសំខាន់បំផុតទៅលើប្រិយមិត្តទាំងអស់ដែលមានចម្ងល់នានាពាក់ព័ន្ធនឹង iOS 7.1.2 នេះ ព្រោះថាមានអ្នកគាំទ្រ វេបសាយ មួយចំនួនធំបានចោទជាសំនួរយ៉ាងច្រើនរាប់មិនអស់ អញ្ចឹងថ្ងៃនេះយើងនឹងបរិយាយប្រាប់អំពីការប្រើប្រាស់ iOS 7.1.2 ក៏ដូចជាទស្សនៈផ្សេងៗដូចខាងក្រោម។
វាពិតជារឿងគួអោយភ្ញាក់ផ្អើលមួយនៅពេល Apple បានប្រកាសចេញជំនាន់ប្រតិបត្តិការ iOS របស់ខ្លួនដល់ជំនាន់ 7.1.2 កាលពីម្សិលមិញនេះ ហើយមានអ្នកប្រើប្រាស់ iPod Touch, iPad និង iPhone មិនតិចនោះទេបានតម្លើងជំនាន់ប្រតិបត្តិការរបស់ឧបករណ៍ខ្លួនទៅកាន់ iOS 7.1.2 អស់ទៅហើយ។ ចុះសម្រាប់អ្នកកំពុងប្រើប្រាស់ iOS 7.0.X ឬ 7.1, 7.1.X គួរតែតម្លើងប្រព័ន្ធប្រតិបត្តិការខ្លួនទេ? ចម្លើយគឺអ្នកមិនចាំបាច់តម្លើងទៅ iOS 7.1.2 នោះទេ គឺប្រើប្រាស់ត្រឹមជំនាន់ 7.1.1 ក៏បាន ព្រោះដោយយោងទៅតាមការប្រើប្រាស់សាកល្បងពេញមួយថ្ងៃយើងសង្កេតឃើញថា iOS 7.1.2 ពុំមានអ្វីប្លែកខ្លាំងខុសពី iOS 7.1.1 ឡើយ គឺដូចគ្នា 99% ទៅហើយ ហើយអ្វីដែលក្រុមការងារយើងកត់សំគាល់បំផុតនោះគឺកម្លាំងថ្ម បន្ទាប់ពីតម្លើងជំនាន់ប្រព័ន្ធប្រតិបត្តិការទៅកាន់ iOS 7.1.2 រួចមកគឺវារាងស៊ីថ្មជាង iOS 7.1.1 បន្តិច ចំនែកអ្វីៗផ្សេងទៀតគឺនៅដដែលទាំងអស់។
មានប្រិយមិត្តខ្លះបានសាកសួរមកកាន់ក្រុមការងារ យើង ទៀតថាបន្ទាប់ពី Update ទៅកាន់ iOS 7.1.2 រួចតើវាមានបញ្ហាអ្វីដែរឬទេ? ហើយអាចស្គាល់ ឬប្រើប្រាស់ពុម្ភអក្សរខ្មែរ និងក្ដារចុចខ្មែរបានដែរឬទេ? ចម្លើយគឺវាអាចប្រើប្រាស់បាន ព្រោះ iOS 7.1.2 អាចធ្វើការ Jailbreak បានសម្រេចជោគជ័យ 100 ដោយប្រើប្រាស់កម្មវិធីចិន Pangu ជំនាន់ 1.1.0 ហើយ របៀប Jailbreak iOS 7.1.2 គឺស្រួលបំផុតដែលអ្នកអាចធ្វើតាមបានដោយខ្លួនឯង។ ចំនែកឯ របៀបតម្លើងពុម្ភអក្សរខ្មែរ និងក្ដារចុចខ្មែរអ្នកអាចតម្លើងបានតាមរយៈ Cydia បន្ទាប់ពី Jailbreak រួចរាល់ហើយវាពុំមានការគិតប្រាក់អ្វីឡើយ។ ដូច្នេះ iOS 7.1.2 ចេញមកភ្លាមគឺអាចធ្វើការ Jailbreak បានភ្លែតតែម្ដង ហើយអាចតម្លើងពុម្ភ និងក្ដារចុចខ្មែរថែមទៀត អញ្ចឹងរាល់ប្រិយមិត្តដែលចង់តម្លើងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទៅកាន់ 7.1.2 គឺមិនបាច់ព្រួយបារម្មណ៍អ្វីច្រើនឡើយ តែសូមប្រាកដថា iOS 7.1.2 វារាងស៊ីថ្មជាង iOS 7.1.1 ឬទាបជាងនេះបន្តិច។
សរុបសេចក្ដីមករវាង iOS 7.1.1 និង 7.1.2 គឺមិនមានអ្វីខុសប្លែកគ្នាច្រើនឡើយគ្រាន់តែ Apple បានបង្កើនប្រព័ន្ធសុវត្ថិភាព និងមុខងារមួយចំនួនតូចប៉ុណ្ណោះ ហើយជំនាន់ទាំង 2 នេះអាចធ្វើការ Jailbreak និងបញ្ចូលពុម្ភ និងក្ដារចុចខ្មែរបានដូចគ្នា។ សម្រាប់ប្រិយមិត្តដែលមានចម្ងល់សូមមេត្តាអានអោយបានច្បាស់តាមប្រភពពត៌មានខាងលើ ដើម្បីកុំអោយមានមន្ទិលសង្ស័យតទៅមុខទៀត។
ចំនែករបៀបតម្លើងជំនាន់ប្រព័ន្ធប្រតិបត្តិការ iOS 7.0.X, 7.1 និង 7.1.1 ទៅកាន់ 7.1.2 អ្នកអាចតម្លើងបានតាមរយៈ iTune នៅក្នុងកុំព្យូទ័រ ឬទាញយក Firmware ដោយសេរីពី វេបសាយយើងខ្ញុំ សម្រាប់ iPod Touch 5th, iPad, និង iPhone ទាំងអស់។
No comments:
Post a Comment