ជារៀងរាល់សប្ដាហ៍នីមួយ កម្មវិធីនិងហ្គេមជាច្រើននៅលើ Appstore ដែលធ្លាប់ដាក់លក់បានដាក់អោយយើងដោនឡូដដោយឥតគិតថ្លៃវិញ ក្នុងរយៈពេលកំណត់មួយ ចន្លោះពី 3ថ្ងៃ ទៅមួយសប្ដាហ៍។ ដូច្នេះប្រសិនបើអ្នកចូលចិត្តរបស់អ្វីដែលឥតថ្លៃ សូមដោនឡូដយកហ្គេម រឺក៏កម្មវិធីណាមួយដែលអ្នកគិតថាវាមានប្រយោជន័នៅថ្ងៃនេះទៅ ហើយបើមិនពេញចិត្តទេ យើងក៏អាចលុបវាចោលវិញក៏បានដែរ។ ខាងក្រោមនេះគឺជាកម្មវិធីឥតគិតថ្លៃប្រចាំសប្ដាហ៍នេះទាំងប្រាំ ដែលដាក់អោយដោនឡូដដោយឥតគិតថ្លៃ ក្នុងរយៈពេលខ្លីមួយ :
Recordium:(តម្លៃធម្មតា 6.99$)
វាគឺជាកម្មវិធីថតសម្លេងដ៏ពិសេសមួយ ដែលមានផ្ទៃអ៊ីនធឺហ្វេសស្អាត សាមញ្ញ ហើយចំណែកឯមុខងាររបស់វាវិញក៏ច្រើនផងដែរ។ កម្មវិធីថតសម្លេងនេះ អនុញ្ញាត្តិអោយយើងផ្លាស់ប្តូរគុណភាពសម្លេងដែលទទួលបាន អាចអោយយើងគូសចំណាំនូវផ្នែកណាមួយនៃសម្លេងដែលបានថតទុកជាដើម។ លើសពីនេះទៅទៀត យើងក៏អាចបញ្ចូលជារូបភាព រឺក៏កំណត់ចំណាំ (Note) នៅជាប់ត្រង់នាទីណាមួយនៃសម្លេង Record របស់យើងបានផងដែរ។
Discovr Movies:(តម្លៃធម្មតា 3.99$)
ប្រសិនបើអ្នកជាមនុស្សដែលមានទម្លាប់ចូលចិត្តទស្សនាខ្សែភាពយន្តហូលីវូដផ្សេងៗ អ្នកគួរតែដោនឡូដកម្មវិធីនេះទុកនៅថ្ងៃនេះភ្លាមទៅ។ វានឹងជួយណែនាំនូវខ្សែភាពយន្តល្អៗជាច្រើន ដោយអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នក។ ឧទាហរណ៍ថាអ្នកចូលចិត្តខ្សែភាពយន្តចំណងជើង Maleficent នោះវានឹងណែនាំរឿងដែលល្អមើលស្រដៀងនេះជាច្រើនទៀតអោយអ្នកបានស្គាល់។
Nozoku Rush:(តម្លៃធម្មតា 2.99$)
ជាហ្គេមប្រភេទល្បងប្រាជ្ញា (puzzle) ដែលអាចហ្វឹកហាត់ខួរក្បាលអ្នកអោយកាន់តែមានភាពប្រសើរ និងបង្កើតការចងចាំជាងមុនបាន។ ប្រសិនបើជាអ្នកកំពុងតែស្វែងរកហ្គេមណា ដែលលេងមិនងាយធុញ និងអាចជួយបង្កើនការចងចាំរបស់អ្នកបាននោះ សូមជ្រើសរើសហ្គេមនេះចុះ ប្រាកដជាមិនខុសបំណងឡើយ។
Skylanders Battlegrounds:(តម្លៃធម្មតា 6.99$)
គឺជាហ្គេមផ្សងព្រេងប្រភេទ 3D ដ៏ពិសេសមួយ ដែលរបៀបលេងរបស់វាស្រដៀងទៅនឹងហ្គេម Devil May cry ដែរ គ្រាន់តែហ្គេមនេះមានលក្ខណៈជាគំនូរជីវចល និងក្រាហ្វីកស្អាត ងាយស្រួលមើល។ ហ្គេមនេះតម្រូវអោយយើងដើរប្រយុទ្ធជាមួយសត្រូវដើម្បីអោយឡើងថាមពល (Level) និងទទួលបានអាវុធផ្សេងៗ។
EasyCosts:(តម្លៃធម្មតា ០.99$)
គឺជាកម្មវិធីគ្រប់គ្រងចំណាយ និងចំណូលដ៏ពិសេសមួយ សម្រាប់អ្នកដែលឧស្សាហ៍ធ្វើការចំណាយលើរបស់ផ្សេងៗ។ កម្មវិធីនេះអាចអោយយើងកត់ត្រាទៅលើចំណាយផ្សេងៗបាន ដូចជាទិញម្ហូបអាហារ មើលកុន ថ្លៃធ្វើដំណើរ ជាដើម ដែលវាគឺជាសៀវភៅកត់ត្រាដ៏ពិសេសមួយ។ អ្វីដែលជាចំណុចពិសេសនោះ គឺវាក៏មានរូបិយវត្ថុជាប្រភេទលុយកម្ពុជា (រៀល) នៅក្នុងនេះដែរ ដែលជាភាពងាយស្រួលមួយ។
តើកម្មវិធីណាមួយដែលអ្នកពេញចិត្តជាងគេ ក្នុងចំណោមកម្មវិធីទាំងនេះ? សូមដោនឡូដកម្មវិធីទាំងនេះ ក្នុងពេលថ្ងៃនេះភ្លាមទៅ ព្រោះអី វានឹងដាក់អោយដោនឡូដដោយឥតគិតថ្លៃក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។
No comments:
Post a Comment